ខ្ញុំបាទ ហ៊ុន ម៉ានី ជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ចាប់តាំងពីនីតិកាលទី៥ និងទី៦។ ចាប់តាំងពីថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០១២ ខ្ញុំក៏បម្រើការជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាស្ថាប័នយុវជនបន្តពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលបានចាប់បដិសណ្ឋិកាលពីថ្ងៃ២ ធ្នូ ១៩៧៨។ ដោយឡែក ក្នុងមុខងារនយោបាយ ខ្ញុំជាសមាជិកគណៈកម្មាធិការកណ្តាល អគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ។ មុនពេលចូលរួមជាមួយស្ថាប័ននីតិបញ្ញត្តិ ខ្ញុំបានបម្រើការជាសមាជិកខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី ចន្លោះឆ្នាំ២០០៧ និង ២០១៣។
ក្នុងតួនាទីសភា ក្រៅពីភារកិច្ចដឹកនាំគណៈកម្មការទី៧ ខ្ញុំត្រូវបានតែងតាំងជាប្រធានក្រុមសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ខ្ញុំកំពុងកាន់តំណែងជា សមាជិក ក្រុមប្រឹក្សាភិបាលនៃក្រុមសមាជិកសភាវ័យក្មេងនៃសហភាពអន្តរសភា ជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-អូស្រ្តាលី និងជាសមាជិកក្រុមមិត្តភាពសភាមួយចំនួនផ្សេងទៀត។ ជាមួយគ្នានេះ ខ្ញុំក៏ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី ដោយមហាសន្និបាត ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។
ក្នុងភារកិច្ចដឹកនាំការងារយុវជន ខ្ញុំបានចូលរួមក្នុងគម្រោងធំៗរបស់ ស.ស.យ.ក. មានជាអាទិ៍ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មហោស្រពវប្បធម៌យុវជនអន្តរជាតិ និងមហោស្រពវប្បធម៌ និងអប់រំយុវជនអន្តរជាតិ ព្រះរាជពិធីថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មី កម្មវិធីន ៤០ គម ទៅក្នុងប្រវត្តិសាស្រ្ត និងកម្មវិធីប្រគុំតន្រ្តីអបអរសាទរខួបទី៣៥ ទី៤០ និងទី៤១ ថ្ងៃបង្កើតស.ស.យ.ក.។ ក្នុងនោះ ស.ស.យ.ក. បានសម្រេចការបំបែកឯតទគ្គកម្មពិភពលោកចំនួន ៤ ស្នាដៃរួមមាន៖ អន្សមយក្ស ការរាំចង្វាក់ម៉ាឌីហ្សុនចំនួនច្រើនជាងគេ ការត្បាញក្រមាវែងជាងគេ និងទូកងរវែងជាងគេ។
គ្រឿងឥស្សរិយយសដែលទទួលបានពីព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជារួមមាន៖ គ្រឿងឥស្សរិយយស ជាតូបការ គ្រឿងឥស្សរិយយស មហាកន្ឋារភណ្ឌឯករាជ្យជាតិ (ប្រទានដល់ ស.ស.យ.ក.)។ លើឆាកអន្តរជាតិ ខ្ញុំបានទទួលពានរង្វាន់ GUSI Peace Price ពីប្រទេសហ្វីលីពីន និងគ្រឿងឥស្សរិយយស PADMA SHRIពីប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា។