នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ

Jul 26, 2022

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយ ឯកឧត្តម សំ រិទ្ធី អនុប្រធានគណៈកម្មការទី៧ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំខេត្ត ស្រុក និងឃុំ និងសប្បុរសជន បានចូលរួមជាអធិបតីក្នុងពិធីប្រកាស ភូមិវាល ឃុំស្រង់ ស្រុកគងពិសី នៃខេត្តកំពង់ស្ពឺជា «ភូមិអស់មីន» ជាមួយប្រជាពលរដ្ឋមូលដ្ឋានប្រមាណជា ៣០០ នាក់។ ក្នុងពិធីដ៏មានអត្ថន័យនេះ បានបង្ហាញពីសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីនក្នុងការដោះស្រាយបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកាកសំណល់ពីសង្រ្គាមនៅកម្ពុជាអស់រយៈកាលជាង៤ទសវត្សរ៍។ ការសម្អាតមីន ក្នុងភូមិសាស្រ្តភូមិវាលនេះ អង្គភាពបានចំណាយរយៈពេល ១៤ ថ្ងៃ និងកម្លាំង ១២ នាក់ ដើម្បីដោះមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យអស់ពីភូមិ ដែលត្រូវបានប្រកាសជា «ភូមិអស់មីន» នាឱកាសនេះ ដោយទទួលបានជំនួយពី អង្គភាពព័ត៌មាន Khmer Times។

មានប្រសាសន៍ទៅកាន់អង្គពិធី ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណដល់សប្បុរសជនដែលបានរួមចំណែកគាំទ្រដល់ការងារបោសសម្អាតមីន និងជាពិសេសថ្លែងអំណរគុណជូនចំពោះកងកម្លាំងនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាមដែលជាប្រតិបត្តិករផ្ទាល់ក្នុងការដោះមីន ធ្វើឱ្យភូមិវាល របស់យើងក្លាយជា «ភូមិវាល» រំដោះដីស្រែចម្ការជូនប្រជាពលរដ្ឋ។ លោកក៏បានរំលេចផងដែរនូវអត្ថន័យនៃ «អរគុណសន្តិភាព» ដែលជាការទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ តែក៏បានបង្កប់នូវអនុស្សាវរីយ៍ដ៏ជូរចត់ក្នុងអតីតកាលដែលកម្ពុជាធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាម និងឥទ្ធិពលនៃសង្រ្គាម គឺមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានឆ្លុះបញ្ជាំងកាន់តែជាក់ស្តែងនូវគុណតម្លៃនៃ «សន្តិភាព» ដែលយើងកំពុងមានសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺស្ថិតក្នុងចំណោមខេត្តដែលមានចម្ការមីនច្រើន ដែលមានចម្ការមីនសរុប ៧២៤ ស្មើរនឹងផ្ទៃដី ៨០,៥ គីឡូម៉ែត្រក្រឡា គ្របដណ្តប់នៅទូទាំង ៧ ស្រុក ដែលក្នុងនោះផ្ទៃដីបោសសម្អាតរួចមាន ១៦៨ ចម្ការ ស្មើរនឹង ១៣,៦៥ គីឡូម៉ែត្រក្រឡា។