ពិធីបើកព្រឹត្តិការណ៏អាស៊ានប៉ារ៉ាឡាំពិកហ្គេមលើកទី ១១
Jul 30, 2022
ពិធីបើកព្រឹត្តិការណ៏អាស៊ានប៉ារ៉ាឡាំពិកហ្គេមលើកទី ១១ បានប្រព្រឹត្តិទៅជាផ្លូវការនៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ នៅពហុកីឡដ្ឋាន Stadion Manahan ស្ថិតក្នុងទីក្រុងសូឡូ ខេត្តស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមវត្តមានលោកបណ្ឌិត (H.C) K.H. MA’RUF AMIN អនុប្រធានាធិបតី សាធារណរដ្ឋឥណ្ឌូណេស៊ី និងថ្នាក់ដឹកនាំកីឡាប៉ារ៉ាឡាំពិក មកពីបណ្តាប្រទេសអាស៊ានទាំង ១០ និងប្រទេសទីម័រខាងកើត។
ព្រឹត្តិការណ៍នេះ ទទួលបានការចូលរួមពីក្រុមកីឡាករ កីឡាការិនីជាជនមានពិការភាព ដែលនឹងធ្វើការប្រកួតលើ១៤ ប្រភេទកីឡា ដែលក្នុងនោះកម្ពុជា ក៏បានបញ្ជូនក្រុមកីឡាករចំនួន ១១៥ នាក់ ចូលរួមប្រកួតលើ១១ ប្រភេទកីឡាផងដែរ។
ពិតណាស់ កីឡាមិនត្រឹមតែនាំមកនូវសុខភាព ប៉ុន្តែកីឡាថែមទាំងបង្កើតបាននូវសាមគ្គីភាពសម្រាប់យើងគ្រប់គ្នា។ សម្រាប់ក្រុមជនដែលមានពិការភាព ការផ្តល់លទ្ធភាព និងគាំទ្រឲ្យបានចូលរួមប្រកួត ជាការលើកស្ទួយនូវសិទ្ធិ សេរីភាព សមភាព និងការទទួលស្គាល់នូវតម្លៃរបស់ពួកគាត់ជាប្រជាពលរដ្ឋពេញលេញ។
ក្នុងស្មារតីនេះ កម្ពុជាមិនត្រឹមតែបានបញ្ជូនក្រុមកីឡាករ កីឡាការិនីក្នុងទ្រង់ទ្រាយធំមកប្រកួតនាពេលនេះប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ ខាងមុខនេះ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។ នេះសរបញ្ជាក់យ៉ាងច្បាស់ពីគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលយើង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេច ក៏ជាជនពិការម្នាក់ដែរនោះ។
ពិតណាស់ ពួកគាត់មានពិការភាពតែអវយវៈ ប៉ុន្តែទឹកចិត្តរបស់ពួកគាត់មិនពិការឡើយ។ ពួកគាត់នៅពេលនេះជាតំណាងឲ្យកម្ពុជាយើង! ពួកគាត់នៅពេលនេះ ជាមុខមាត់ជាតិយើង! សូមចូលរួមគាំទ្រដល់កីឡាករ កិឡាការិនីយើងទាំងអស់គ្នា!
ជយោ ព្រះរាជាណាចក្រកម្ពុជា!