ការប្រារព្ធកម្មវិធី ១០០ ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ

Nov 4, 2022

ក្នុងដំណើរនៃការប្រារព្ធកម្មវិធី ១០០ ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ ទូលព្រះបង្គំយើងខ្ញុំជាកូនចៅ ចៅទួត ចៅលួត សូមថ្វាយ រាត្រីសាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ ដើម្បីឧទ្ទិសដល់ព្រះបិតាសិល្បៈជាតិ។ យើងនៅចងចាំជានិច្ច កាលពីព្រះអង្គគង់ព្រះជន្មនៅ ទ្រង់សព្វព្រះរាជហឬទ័យក្នុងការតែងនិពន្ធនូវស្នាព្រះហស្ថជាច្រើនដែលរួមមាន ខ្សែភាពយន្ត បទភ្លេង ទំនុកច្រៀង ដែលទ្រង់យាងសម្តែង និងបញ្ចេញព្រះសូរសៀងផ្ទាល់ផងដែរ។ ស្នាព្រះហស្ថដែលជាព្រះរាជនិពន្ធទាំងអស់របស់ទ្រង់បានក្លាយជាអនុស្សាវរីយ៍ដ៏ល្អផូរផង់សម្រាប់កូនចៅ ចៅទួត ចៅលួត ធ្វើឱ្យទូលព្រះបង្គំយើងខ្ញុំមានសេចក្តីនឹករឮកជាពន់ពេក។

ស្នាព្រះហស្ថដ៏ថ្លៃថ្លា មហិមារបស់ព្រះបិតាឯករាជ្យជាតិ គឺព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិ ដែលជាសិទ្ធិស្វ័យសម្រេច ធ្វើជាម្ចាស់ជោគវាសនាជាតិខ្លួនឯង។ ក្នុងស្មារតី នៃការចងចាំព្រះមហាករុណាទិគុណ និងព្រះគុណូបការៈដ៏មហាថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ។ ក្នុងន័យនេះ ទូលព្រះបង្គំយើងខ្ញុំនឹងដង្ហែរតាមព្រះរាជបណ្តាំនៃអង្គព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ ដែលបានឆ្លាក់ជាប់លើផ្ទាំងសិលាជានិច្ចនិរន្តន៍។