ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញប្រកាសទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក. គ៧៨

Sep 23, 2022

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញប្រកាសទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក. គ៧៨ ក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ នៅសាលមហាស្រពចេនឡា នាថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២២ ។ កម្មវិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មធិការកណ្តាល គណៈកម្មាធិការកណ្តាលស.ស.យ.ក. និងក្រុមការងារស.ស.យ.ក. គ៧៨ ប្រមាណ ៧៨៦ នាក់ ។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងារកន្លងមករបស់ក្រុមការងារ ស.ស.យ.ក. គ៧៨ និងបានចែករំលែកទស្សនៈល្អៗពាក់ព័ន្ធនឹងការងារ ស.ស.យ.ក. ដោយលើកទឹកចិត្តអោយសមាជិក សមាជិកា ក្រុមការងារទាំងអស់អោយបន្តចូលរួមបំពេញបេសកម្ម ស.ស.យ.ក. តាមលទ្ធភាពរៀងៗខ្លួនទៅតាមចំណេះដឹង និងជំនាញដែលខ្លួនមាន និងបន្តគោរព និងសិក្សាស្វែងយល់អោយបានច្បាស់ពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់ ស.ស.យ.ក. ដើម្បីចូលរួមក្នុងបុព្វហេតុសង្គមជាតិ តាមរយៈការខិតខំធ្វើការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ដោយឡែកក្នុងអង្គពិធីក៏មាន ការអានសេចក្តីសម្រេចទទួលស្គាល់សមាសភាពសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ ដោយ ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈអចិន្រ្តៃយ៍ ការឡើងធ្វើការប្តេជ្ញាចិត្តដោយ ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុមការងារ ស.ស.យ.ក. គ៧៨ និងរបាយការណ៍សកម្មភាពដោយ ឯកឧត្តម ជា សំអាត អនុប្រធានក្រុមការងារផងដែរ។